ខេត្តតាកែវ៖ សាលមហោស្រពខេត្តតាកែវ កំពុងតែរៀបចំពិធីប្រគល់សញ្ញាបត្រដល់សិស្ស នៃ មជ្ឈមណ្ឌលភាសាអង់គ្លេស ស្រាប់តែភ្លើងឆាបឆេះពិតាន ធ្វើឲ្យផ្អើលដល់គណៈកម្មការ និង សិស្ស រត់ចេញផ្លូវគ្នា ហើយបានទាក់ទងទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច កាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
មន្រ្ដីនគរបាលខេត្តតាកែវ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះអគ្គិភ័យនោះ មានក្រុមហ៊ុនឯកជនមួយ កំពុងតែរៀបចំពិធីចែកសញ្ញាបត្រ ដល់សិស្ស នៃមជ្ឈមណ្ឌលភាសាអង់គ្លេស នៅក្នុងសាលាមហោស្រពខេត្តតាកែវ។ ស្របពេលកម្មវិធី កំពុងតែចាប់ផ្ដើមដំណើរការ ស្រាប់តែឆ្លងចរន្តអគ្គិសនី បង្កទៅជាអណ្តាតភ្លើង ឆាបឆេះចេញពីក្នុងពិដាន ធ្វើឱ្យផ្អើលឆោឡោដល់សិស្ស និង គណៈកម្មការរៀបចំកម្មវិធី នាំគ្នារត់ចេញក្រៅ ហើយបានផ្អាកកម្មវិធីនេះ។ ប៉ុន្ដែភ្លាមៗនោះ សមត្ថកិច្ចរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៥គ្រឿង ទៅធ្វើអន្ដរាគមន៍ បាញ់ទឹកពន្លត់ រហូតធ្វើឲ្យភ្លើងរលត់អស់ទៅវិញ។
ទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែវាគ្រាន់តែបានធ្វើឲ្យខូចខាតពិតាន និង ដំបូលតែប៉ុណ្ណោះ៕