រាជធានីភ្នំពេញ៖ យុវជនកើតមានវិបត្ដិផ្លូវចិត្តចាក់ស្រះក្នុងបេះដូង មិនអាចដោះស្រាយបាន បែរជាគិតខ្លី ឆាតទៅលាបងស្រីរបស់ខ្លួន រួចហើយបានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វា បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅលើស្ពានជ្រោយចង្វាកម្ពុជា-ជប៉ុន ស្ថិតនៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីយប់ ថ្ងៃកើតហេតុ មានយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ បានម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-8573 តម្រង់មកលើស្ពានជ្រោយចង្វា។ លុះពេលគេបានធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពាន ក៏ឈន់ម៉ូតូ ហើយទុកម៉ូតូ ស្បែកជើងមួយគូ និង ទូរស័ព្ទដៃពីរគ្រឿង រួចហើយបានលោតចុះ លិចបាត់ចូលទៅក្នុងទឹកទន្លេ ធ្វើឲ្យផ្អើលដល់អ្នកដំណើរ រាយការណ៍ទៅសមត្ថកិច្ច។ ភ្លាមៗនោះ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានយកវត្ថុតាង មករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ។
បើតាមក្រុមគ្រួសាររបស់ជនរងគ្រោះ បានឲ្យដឹង ថា ជនរងគ្រោះម្នាក់នេះ ជាប្អូនរបស់គាត់ ឈ្មោះ នាង ណារា អាយុជាង២០ឆ្នាំ មានមុខរបបជាកម្មកររោងចក្រ។ ប៉ុន្ដែនៅមុនជនរងគ្រោះ បានធ្វើអត្ដឃាតនោះ គេបានឆាតប្រាប់បងស្រីរបស់ខ្លួន ថា ប្អូនពិបាកចិត្តណាស់ ប្អូនសូមលាហើយចែ ចាំយកសពប្អូនផង។
ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់ ថា ជនរងគ្រោះពិបាកចិត្ត ពីរឿងអ្វីនោះដែរ៕