ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥នេះ នារដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយ លោកជំទាវ Surah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕