រាជធានីភ្នំពេញ៖ បុរសម្នាក់បានឡើងទៅដេក នៅលើរ៉ឺម៉ក ដែលគេចតចោល ស្រាប់តែកើតជំងឺខ្យល់គរដោយអត់មានអ្នកណាម្នាកដឹង ហើយបានគាំងបេះដូងស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបេឡានផ្សារថ្មី សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ក បានឲ្យដឹង ថា នៅមុនពេលមានការភ្ញាក់ផ្អើល ពីករណីមនុស្សស្លាប់បែបនេះ គាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉ករបស់គាត់ មកចតទុកនៅកន្លែងកើតេហតុ ដូចសព្វដង។ បន្ទាប់មកគាត់បានទៅដេក នៅក្នុងបន្ទប់ជួលរបស់គាត់។ លុះពេលគាត់វិលត្រឡប់មករកង់បី នាព្រឹកថ្ងៃកើតហេតុ ក៏ឃើញមានបុរសម្នាក់កំពុងតែដេកនៅលើកង់បីរបស់គាត់ ទើបគាត់ដាស់អ្នកដេកនោះ តែគេមិនកម្រើកអ្វីបន្ដិចសោះឡើយ។ ប៉ុន្ដែដោយសារតែមានការសង័្សយ ទើបគាត់បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត ចុះពិនិត្យ ទើបក្រុមគ្រូពេទ្យ ប្រាប់ថា បុរសម្នាក់នេះ បានស្លាប់បាត់ទៅហើយ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន។
មន្រ្ដីនគរបាលខណ្ឌដូនពេញ បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចពាក់ព័ន្ធបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យ និង ធ្វើកោសល្យវិច័យ។ ជាលទ្ធផល នៃការពិនិត្យ សមត្ថកិច្ចជំនាញ បានសន្និដ្ឋាន ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ ប្រគល់សពរបស់ជនរងគ្រោះដល់រថយន្ដសាមុយ ដឹកទៅកាន់វត្តទួលសង្កែ ហើយស្វែងរកសាច់ញាតិ និង ក្រុមគ្រួសារមកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕