ខេត្តស្វាយរៀង៖ ភ្លៀងមួយមេបានបង្អុរចុះមកយ៉ាងខ្លាំង លាយឡំជាមួយនឹងផ្គរ រន្ទះ និង ខ្យល់ព្យុះ បានវាយប្រហារទៅលើស្រុកចំនួន២របស់ខេត្តស្វាយរៀង បណ្ដាលឲ្យរងការខូចខាត ដល់ផ្ទះសម្បែង ចំនួន៧៤ខ្នង ន កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំចំនួន៦ នៃស្រុករំដួល និង ស្រុកស្វាយជ្រំ។
លោកមេឃុំជ្រុងពពេល បានឲ្យដឹងថា កាលពីយប់ ថ្ងៃកើតហេតុ ភ្លៀងបានបង្អុរមកយ៉ាងខ្លាំង លាយឡំជាមួយផ្គររន្ទះ និង ខ្យល់ បានវាយប្រហារមកលើភូមិសាស្រ្ដ នៃឃុំរបស់គាត់។ គ្រោះធម្មជាតិនេះ បណ្តាលឲ្យមានផ្ទះពលរដ្ឋដួលរលំ ខណៈផ្ទះខ្លះប៉ើងដំបូលធ្លាក់ក្បឿង ស័ង្កសី អស់ជាច្រើនខ្នង ដោយក្នុងនោះ ដួលរលំចំនួន២៥ខ្នង ខូចខាតមធ្យមចំនួន៤០ខ្នង ខូចខាតតិចតួច៩ខ្នង ដោយគ្រាន់តែប៉ើងដំបូលក្បឿង និង ស័ង្កសី។
អាជ្ញាធរខេត្តស្វាយរៀង បានឲ្យដឹង ថា ឃុំចំនួន៤ នៃស្រុករំដួល បានរងផលប៉ះពាល់ ពីគ្រោះធម្មជាតិនេះ រួមមាន៖ ឃុំជ្រុងពពេល ឃុំម៉ឺនជ័យ ឃុំកំពង់អំពិល និងឃុំថ្នាធ្នង់។ រីឯស្រុកស្វាយជ្រំ មានឃុំចំនួន២បានរផងប៉ះពាល់ មានដូចជា ឃុំអង្គតាសូ និងឃុំធ្លក។ ប៉ុន្ដែបណ្តាស្រុក-ក្រុងផ្សេងទៀត នៃខេត្តស្វាយរៀង មិនមានរងផលប៉ះពាល់នោះឡើយ។
ក្រោយពេលកើតមានគ្រោះធម្មជាតិបែបនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចុះពិនិត្យ និងចែកអំណោយជូនដល់វពលរដ្ឋរងគ្រោះ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥៕