ខេត្តសៀមរាប៖ ភ្លៀងលាយឡំជាមួយផ្គរ រន្ទះ និង ខ្យល់ព្យុះ បានវាយប្រហារទៅលើភូមិសាស្រ្ដក្រុងសៀមរាប ដោយបានបាក់មែកឈើលើមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀត រងរបួសធ្ងន់ ហើយគ្រោះធម្មជាតិនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពលរដ្ឋ។
បើតាមលោក ហាត យ៉ង់ អភិបាលរងក្រុងសៀមរាប បានឲ្យដឹង កាលពីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោង៤ និង ៣០នាទីរសៀល ថ្ងៃទី២៦ មេសា ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំង លាយឡំមកជាមួយព្រិល ខ្យល់ព្យុះ ផ្គរ រន្ទះ បានវាយប្រហារមកលើភូមិសាស្រ្ដរបស់ក្រុងសៀមរាប។ គ្រោះធម្មជាតិបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ហើយបានធ្វើឲ្យរលំបាក់ដើមឈើ និង ខូចខាតផ្ទះសម្បែងរបស់ពលរដ្ឋ នៅតាមបណ្តាសង្កាត់ចំនួន៥ រួមមាន៖ សង្កាត់គោកចក សង្កាត់ស្លក្រាម សង្កាត់ជ្រាវ សង្កាត់ទឹកវិល និងសង្កាត់នគរធំ។
លោក ហាត យ៉ង់ អភិបាលរងក្រុងសៀមរាប បានបន្ថែម ថា ជនរងគ្រោះទាំង២នាក់នេះ រួមមាន៖ ១-ឈ្មោះ ញៀន រិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាជាងសំណង់ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់ភ្លាមៗ ដោយសារបាក់មែកឈើធ្លាក់ត្រូវចំក្បាល ខណៈគាត់កំពុងតែសាងសង់សាលាឆាន់ នៅក្នុងវត្តគងជុំ ហៅ«ព្រះអង្គខ្មៅ» និង ២-ឈ្មោះ និន ខាន្នី ភេទប្រុស ជាបុគ្គលិកគ្រឹះស្ថានអង្គរ រស់នៅក្រុងសៀមរាប បានរងរបួស។
បើតាមលោកអភិបាលរង បានឲ្យដឹងទៀត ថា គ្រោះធម្មជាតិ បានធ្វើឲ្យប៉ះពាល់ដល់សង្កាត់ចំនួន៥ នៃក្រុងសៀមរាប រួមមាន៖
១-សង្កាត់គោកចក មានផ្ទះចំនួន៧ខ្នងបានរងការខូចខាត ដើមឈើបាក់សង្កត់ផ្ទះ១ខ្នង របើកដំបូលចំនួន២៣ខ្នង បាក់ដើមឈើ៨ដើម ប៉ើងស្លាកគណបក្សប្រជាជន ចំនួន២ និង គណបក្សភ្លើងទៀន ចំនួន១។
២-សង្កាត់ជ្រាវ មានការបាក់ដំបូលយានដ្ឋានជួសជុលរថយន្ត លី ហាក់ ចំនួន១ខ្នង។
៣-សង្កាត់ស្លក្រាម មានផ្ទះចំនួន៥ខ្នង របើកដំបូល និង បាក់ដើមស្វាយ១ដើម។
៤-សង្កាត់នគរធំ រលំផ្ទះ១ខ្នង របើកដំបូល បាក់សំយាបផ្ទះចំនួន៧ខ្នង បាក់ដើមឈើ១ដើម។
៥-សង្កាត់ទឹកវិល បាក់ដើមឈើ១ដើម ។