រដ្ឋធានីមូស្គូ៖ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចរចាជាមួយនឹងសមភាគីអ៊ុយក្រែន នៅក្នុងអំឡុងទៅចូលរួមបុណ្យសពសម្ដេចប៉ាប ដោយបានលើកឡើង ពីការសង័្សយទៅលើផែនការបញ្ចប់សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ថា ក្រុងមូស្គូ ខណៈឥឡូវ ប្រមុខការទូតសហរដ្ឋអាមេរិក កំពុងតែគំរាមហ៊ុមព័ទ្ធសេដ្ឋកិច្ចជាថ្មីបន្ថែមទៀត ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។
សារព័ត៌មាន Tagtik បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ថា រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានលើកឡើង ថា រុស្ស៊ី អាចប្រឈមមុខជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនបន្ដទៀត។ ករណីនេះ ព្រោះតែរុស្ស៊ី អាចនឹងពន្យារជម្លោះនេះ រហូតដល់ចន្លោះពី២ទៅ៣ឆ្នាំបន្ថែមទៀត។
ប្រមុខការទូតសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ទូរទស្សន៍របស់សហរដ្ឋអាមេរិក NBC ថា៖«កិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសដែលកំពុងតែមានសង្រ្គាមនេះ ពិតជាស្មុគស្មាញខ្លាំងណាស់។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើង កាលពីពេលថ្មីៗនេះ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ប្រហែលជាមិនចង់ស្វែងរកសន្តិភាពនោះឡើយ។ ពូទីន ជាអ្នកចាប់ផ្តើមបង្កើតសង្គ្រាម តែពូទីន កំពុងតែមិនចង់ដោះស្រាយជម្លោះនេះ ខណៈឥឡូវពូទីនបានបំផ្លាញខ្លួនឯង ជាមួយនឹងសង្រ្គាម រយៈពេល២ទៅ៣ឆ្នាំបន្ដទៀត។ ដូច្នេះយើងមិនចង់ឃើញសង្គ្រាមបែបនេះ បន្ដអូសបន្លាយពេលទៅមុខទៀតនោះឡើយ»។
រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ បានបន្ថែម ថា៖«មិនមានប្រទេសដទៃ ហើយក៏មិនមានស្ថាប័ន ឬ អង្គការណាមួយផ្សេង នៅលើផែនដីនេះ អាចនាំភាគីជម្លោះទាំង២នេះ រួបរួមគ្នាបាននោះឡើយ។ ជាការពិតណាស់ មិនមានអ្នកណាម្នាក់ កំពុងតែចរចាទៅកាន់ភាគីទាំង២នេះទេ ប៉ុន្ដែយើង និង មិនមានអ្នកផ្សេង នៅលើពិភពលោក អាចធ្វើបញ្ហាផ្សេងៗទៀតបែបនេះកើតឡើងបានទេ តែលោកប្រធានាធិបតី អាចធ្វើបាន។
ជាមួយគ្នានេះដែរ លោក រូប៊ីយ៉ូ ប្រមុខការទូតសហរដ្ឋអាមេរិក ក៏បានព្រមាន ថា ក្រុងវ៉ាស៊ីនតោន អាចដកខ្លួនចេញពីការដើរតួជាអាជ្ញាកណ្ដាល ប្រសិនបើការផ្សះផ្សា មិនមានវិវឌ្ឍទៅមុខឆាប់រហ័ស។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ី៕