សមាជិកអង្គការណាតូ២ប្រទេស បញ្ចេញយន្ដហោះដេញស្ទាក់ យន្ដហោះរុស្ស៊ី

14 ម៉ោងមុន

រដ្ឋធានីប៊ូចារ៉ែស្ដ (Bucharest)៖ កងទ័ពអាកាសរ៉ូម៉ានី និង អ៊ីតាលី បានបញ្ចេញយន្ដហោះចម្បាំងជាច្រើនគ្រឿង ដេញស្ទាក់យន្ដហោះចម្បាំងរបស់រុស្ស៊ី ហោះនៅជិតដែនអាកាសរបស់ខ្លួន ក្រោយការវាយប្រហារទៅលើទឹកដីរបស់អ៊ុយក្រែន។

សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ថា រ៉ូម៉ានី បានចេញយន្ដហោះជាច្រើនគ្រឿង ឆ្លើយតបទៅនឹងមីស៊ីល និង ដ្រូនរបស់រុស្ស៊ី វាយប្រហារទៅលើប្រទេសអ៊ុយក្រែន ជាមួយនឹងសេចក្ដីរាយការណ៍ ពីការជំរុញឲ្យព្រំដេនរបស់រដ្ឋជាសមាជិករបស់អង្គការណាតូមួយនេះ ស្ថិតក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់។

បើតាមទស្សនាវដ្ដីរបស់សហរដ្ឋអាមេរិក Newsweek បានបកប្រែសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរ៉ូម៉ានី យកមកចុះផ្សាយ ថា ក្រសួងការពារជាតិរ៉ូម៉ានី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែការណ៍មួយ ថា ការវាយប្រហារ ត្រូវបានគេកំណត់គោលដៅលើជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅជិតខាងព្រំដែនរបស់ប្រទេសជិតខាង។ រ៉ាដារបស់ប្រទេសរ៉ូម៉ានី បានបង្ហាញ ពីគន្លងយន្តហោះគ្មានមនុស្សបើក ឬដ្រូន នៅក្នុងចំណោមដ្រូនជាច្រើនគ្រឿង ដែលចូលរួមក្នុងការវាយប្រហារ អាចនឹងឆ្លងកាត់ នៅក្នុងរយៈពេលដ៏ខ្លី នៅលើដែនអាកាសរបស់ខ្លួន។

ស្ថិតក្នុងស្ថានការណ៍ នៃការគំរាមកំហែង មកលើដែនអាកាសរបស់អង្គការណាតូ នោះ កងទ័ពអាកាសរ៉ូម៉ានី បានបញ្ចេញយន្ដហោះចម្បាំង ប្រភេទ F-16 ចំនួន២គ្រឿង ចេញពីមូលដ្ឋានកងទ័ពអាកាសទូលស៊ា (Tulcea) ចេញប្រតិបត្ដិការ។ ស្របគ្នានោះដែរ អ៊ីតាលី ក៏បានបញ្ជូនយន្ដហោះ ប្រភេទ Eurofighter Typhoon ចំនួន២គ្រឿង ចេញពីមូលដ្ឋានកងទ័ពអាកាសមីហៃកូហ្កាល់នីសានូ (Mihail Kogălniceanu) ចេញស្ទាក់ដ្រូនរបស់រុស្ស៊ី ផងដែរ។

អង្គការណាតូ បានណែនាំដល់បេសកកម្មថែរក្សាការពារច្បាប់ និងសណ្ដាប់ធ្នាប់តាមផ្លូវអាកាស ក្រោយពេលរុស្ស៊ី បានរឹបអូសឧបទ្វីបគ្រីមៀ ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបានរៀបចំឡើង ដើម្បីតាមដានដល់រដ្ឋាភិបាលក្រុងមូស្គូ ពីការវាយប្រហារទៅលើរដ្ឋជាសម្ពន្ធមិត្តយោធារបស់អង្គការណាតូ។

បើគិតចាប់តាំងពីខែមីនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ យន្ដហោះចម្បាំងរបស់អ៊ីតាលី ប្រភេទ Eurofighter ចំនួន៤គ្រឿង និង បុគ្គលិកកងទ័ពអាកាស ចំនួន១៨០នាក់ ត្រូវបានដក់ពង្រាយទៅកាន់មូលដ្ឋានកងទ័ពអាកាស Mihail Kogălniceanu ព្រោះវាជាផ្នែកមួយ នៃសកម្មភាពរបស់អង្គការណាតូ សម្រាប់បេសកកម្មថែរក្សា និង ការពារសណ្ដប់ធ្នាប់តាមផ្លវអាកាសឲ្យកាន់តែល្អប្រសើរឡើងរបស់សម្ពន្ធយោធាលោកខាងលិចមួយនេះ៕

ពត័មានពេញនិយម