រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដរ៉ែងរ៉ូវើរយ៉ាងលឿន បញ្ច្រាសទិសដៅចរាចរណ៍ បម្រុងចូលទៅណាហ្កាវើលដ៍ ជ្រុលចង្កូតទៅបុកម៉ូតូស អូសជាប់ពីក្រោម បណ្ដាលឲ្យបុរស២នាក់ រងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទល់មុខច្រកចូលណាហ្គាវើលដ៍ទី២ តាមផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរស២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1V-0216 ឌុបគ្នា តាមបណ្ដោយផ្លូវរដ្ឋសភា នៅក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលពួកគាត់ទាំង២នាក់ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បានបើករថយន្ដស៊េរីទំនើប ម៉ាករ៉ែងរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាY.S.1688 ដឹកភ្ញៀវ បញ្ច្រាសទិស នៅចំណុចរង្វង់មូល នៅក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន បម្រុងចូលទៅក្នុងណាហ្គាវើល ស្រាប់តែជ្រុលចង្កូតទៅបុក និង កិនម៉ូតូ អូសជាប់ពីក្រោមរថយន្ត បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់-ស្រាល និង ខូចខាតម៉ូតូ។ ប៉ុន្ដែភ្ញៀវ និង អ្នកបើកបរ នៅក្នុងរថយន្ដបង្ក មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ វាស់វែង និង ដកហូតយានយន្ដទាំង២គ្រឿង យកទៅចាត់ការតាមច្បាប់។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនតាមរថយន្ដសង្គ្រោះ ទៅព្យាបាល នៅក្នុងមន្ទីរពេទ្យព្រះអង្គដួង៕