ខេត្តរតនគិរី៖ ពលរដ្ឋបានប្រទះឃើញគ្រាប់មីនចង្កោម ចំនួន១៣២គ្រាប់ នៅក្នុងចម្ការស្វាយចន្ទីរបស់គាត់ នៅក្នុងភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកម្ចាត់មីន ដើម្បីចុះទៅយកមកបំផ្លាញចោល។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានសរសេរបង្ហោះសារ និង រូបភាពជាច្រើនសន្លឹក នៅលើគណនីផ្ទាល់ខ្លួន ថា កាលពីទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង មានទីតាំងនៅភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ក្រុមអ្នកឯកទេសកម្ទេចគ្រឿងផ្ទុះ នៃអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកម្ចាត់មីនទី៥ បានធ្វើប្រតិបត្តិការកម្ទេចគ្រាប់បែកចង្កោម សំណល់ពីសង្គ្រាម ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះ ប្រភេទ CBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម ដោយមានកូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២គ្រាប់។ កូនគ្រាប់បែកដែលនៅសេសសល់ នៅក្នុងបំពង់ ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់បានគ្រប់ពេល។ ស្ថានភាពរណ្តៅដែលត្រូវបានរកឃើញគ្រាប់បែកចង្កោមនេះ មានជម្រៅកប់ក្នុងដីប្រហែលមួយម៉ែត្រ។
ជាមួយគ្នានេះ លោកអគ្គនាយក បានថ្លែងអំណរគុណដល់ម្ចាស់ចម្ការស្វាយចន្ទី ចំពោះការផ្តល់កិច្ចសហការយ៉ាងពេញលេញ ជាមួយក្រុមមន្រ្ដីជំនាញ ព្រោះស្ថានភាពគ្រាប់បែកចង្កោមនេះ គ្មានសុវត្ថិភាព នៅក្នុងការដោះបន្សាប និងដឹកជញ្ជូននោះឡើយ។ ដូច្នេះ ក្រុមមន្រ្ដីជំនាញ មានតែចាត់វិធានការកម្ទេចចោល នៅនឹងកន្លែងតែម្ដង។ ការកម្ទេចគ្រាប់បែកចង្កោមនេះ បានបង្កប៉ះពាល់ដល់ដើមស្វាយចន្ទីមួយចំនួនផងដែរ។ ប៉ុន្ដែម្ចាស់ចម្ការនឹងមានសេចក្តីសុខ និង សុវត្ថិភាព គេចផុតពីគ្រោះថ្នាក់ ដែលបង្កឡើង ដោយគ្រាប់បែកចង្កោមទាំងនេះ ជារៀងរហូត។
សូមរម្លឹកឡើងវិញ ថា ប្រទេសកម្ពុជា បានធ្លាប់ហែលឆ្លងកាត់ប្រវត្ដិសាស្រ្ដដ៏ជូរចាត់ ពីការទម្លាក់គ្រាប់បែកចង្កោម មានចំនួនជិត៣០លានគ្រាប់បែក អស់រយៈពេលជាង១០ឆ្នាំ នៅក្នុងសម័យសង្គ្រាម ចន្លោះពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ រីឯកន្លែងដែលរងការវាយប្រហារនោះ មានចំនួនជាង១០ ០០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា៕