រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ខ្យល់មូសុងនិរតី ជាមួយនឹងសម្ពាធទាប ដែលគ្របដណ្តប់ លើសមុទ្រអានដាមម៉ែន (Andaman) ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និង សមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និង អាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និង អាគ្នេយ៍ មានល្បឿនមធ្យម៤ម៉ែត្រក្នុងវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរ៉ែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣៥%។
-រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕