រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានសហការគ្នាធ្វើការតាមជំនាញរបស់ខ្លួន ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ចំនួន៣៦នាក់ មានការជាប់ពាក់ព័ន្ធនឹងបទល្មើស ចំនួន១២ករណី ហើយបាននាំខ្លួនពួកគេ យកមកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុនពេលបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ទន្ទាទោសតាមច្បាប់។
ប្រភពពីមន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ កម្លាំងសមត្ថកិច្ច នៅតាមបណ្ដាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ បានសហការគ្នាធ្វើការតាមជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ចំនួន៣៦នាក់។ ជនសង័្សយទាំងនេះ មានការជាប់ពាក់ព័ន្ធនឹងបទល្មើស ចំនួន១២ករណី រួមមាន៖ លួច ឆក់ ប្លន់ គាស់ផ្ទះ ហិង្សាដោយចេតនា, កាន់កាប់អាវុធដោយខុសច្បាប់និងផ្សំគំនិត ជាដើម។
ប្រភពដដែល បានបន្ដ ថា ក្រោយការបង្ក្រាប និង ឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង៣៦នាក់ រួមទាំងវត្ថុតាង មកពីតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ មកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញមុខជាសាធារណៈ កាលពីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់មក សមត្ថកិច្ចជំនាញ នឹងបញ្ជូនពួកគេទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕