អធិការបតីថ្មីរបស់អាល្លឺម៉ង់ ជំរុញឲ្យបង្កើតកងទ័ពដ៏ខ្លាំងបំផុត សម្រាប់ការពារអឺរ៉ុប

16-ឧសភា-2025 - ម៉ោង 09:59:AM

 

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលស្ថានការណ៍សន្ដិសុខ នៅលើពិភពលោក មានការប្រែប្រួលយ៉ាងខ្លាំង ក៏ដូចជា ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ រវាងមហាអំណាចកំពូលនោះ អធិការបតីថ្មីរបស់អាល្លឺម៉ង់ លោក ហ្វ្រេឌ្រីច មើស (Friedrich Merz) កំពុងតែជំរុញឱ្យរដ្ឋាភិបាលក្រុងប៊ែរឡាំង បង្កើតកងទ័ពដ៏ខ្លាំងក្លាបំផុត សម្រាប់ការពារតំបន់អឺរ៉ុប និង សម្ពន្ធមិត្តរបស់ខ្លួន។

ទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា លោក ហ្វ្រេឌ្រីច មើស បានថ្លែងទៅកាន់សមាជិកសភាអាល្លឺម៉ង់ ជាលើកដំបូង ចាប់តាំងពីគាត់បានជាប់ឆ្នោតជាអធិការបតី ដោយបានប្រកាស អំពីផែនការជាច្រើន សម្រាប់ជំរុញឲ្យអាល្លឺម៉ង់ កាន់តែមានការប្រកួតប្រជែងបន្ថែមទៀត នៅលើពិភពលោក ក៏ដូចជា បង្កើនកញ្ចប់ស្ដារសេដ្ឋកិច្ចដ៏ធំឡើងវិញ និង បង្កើតគោលនយោបាយចំណាកស្រុកថ្មីដ៏តឹងរឹង។

លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ ថា៖«សម្ពន្ធមិត្តរបស់អាល្លឺម៉ង់ កំពុងតែរំពឹងទុក មកលើរដ្ឋាភិបាលក្រុងប៊ែរឡាំង ដើម្បីបង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន។ នេះជារឿងដ៏ត្រឹមត្រូវ សម្រាប់អាល្លឺម៉ង់ ដែលមានប្រជាជនច្រើនបំផុត ហើយជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣នៅលើពិភពលោក និង លំដាប់លេខ១ នៅអឺរ៉ុប។ សម្ពន្ធមិត្ត និងដៃគូរបស់យើង រំពឹងទុក អំពីរឿងនេះ មកលើយើង។ ជាការពិតណាស់ សម្ពន្ធមិត្តរបស់យើង ទាមទារបែបនេះ ចង់ជំរុញឲ្យយើងបង្កើតកងទ័ពដ៏ខ្លាំងក្លាបំផុត នៅអឺរ៉ុប ដើម្បីជួយដល់ពួកគេ ទប់ទល់នឹងសត្រូវ»។

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្លាប់ជំរុញឲ្យសម្ពន្ធមិត្តរបស់អង្គការណាតូ បង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀត។ លោកប្រធានាធិបតី ត្រាំ បានលើកឡើង ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចនឹងបោះបង់ចោលសមាជិកសម្ពន្ធមិត្តរបស់អង្គការណាតូណាមួយ មិនព្រមចូលរួមចំណែក លើកញ្ចប់ហិរញ្ញវត្ថុ សម្រាប់វិស័យការពារជាតិ។

លោកអធិការបតី មើស បានសង្កត់ធ្ងន់ ថា៖« រដ្ឋាភិបាលអាល្លឺម៉ង់ នឹងផ្ដល់ប្រភពហិរញ្ញវត្ថុទាំងអស់ ដល់កងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង ដើម្បីប្រែក្លាយកងទ័ពរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបំផុត នៅតំបន់អឺរ៉ុប។ អាល្លឺម៉ង់ ត្រូវតែទទួលខុសត្រូវបន្ថែមទៀត ទាំងនៅក្នុងសហភាពអឺរ៉ុប និង សម្ពន្ធមិត្តរបស់អង្គការណាតូ។ គោលបំណងរបស់យើង ចង់ឲ្យអាល្លឺម៉ង់ និង អឺរ៉ុប ត្រូវតែរួបរួមគ្នាឲ្យខ្លាំងក្លា។ ប៉ុន្ដែដើម្បីសម្រេចបាននូវគោលដៅនេះ យើងនឹងត្រូវតែបន្ដនូវការទទួលខុសត្រូវបន្ថែមទៀត នៅក្នុងអង្គការណាតូ និង អឺរ៉ុប។ កាលណាយើងខ្លាំង សត្រូវច្បាស់ជាមិនហ៊ានឈ្លានពាន ប៉ុន្តែបើយើងខ្សោយ វិញ ដូចជាការជំរុញឲ្យមានការឈ្លានពាន ពីសត្រូវអ៊ីចឹងដែរ»៕

ពត័មានពេញនិយម