រាជធានីភ្នំពេញ៖ បន្ទាប់ពីការបង្ហោះ និង ចែករំលែកគ្នា នៅតាមបណ្ដាញសង្គមយ៉ាងព្រោងព្រាត អំពីករណីស្រ្ដីម្នាក់ ដែលគេអះអាង ថា បានជំពាក់បំណុលធនាគារវណ្ឌក រកអីដោះស្រាយមិនចេញ បែរជាមានគំនិតអប្រិយ ដាក់ថ្នាំបំពុលសម្លាប់កូនបង្កើតរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័មចំនួន២នាក់ ហើយហូបបាយលាយថ្នាំពុល ទើបប្ដីមកទាន់ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលឡើងនោះមក ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញមកមុខបំភ្លឺ អំពីករណីនេះ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរបង្ហោះ កាលពីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា សូមជម្រាបដល់សាធារណជន ឲ្យបានជ្រាប ថា ករណីខាងលើនេះ បានកើតឡើងតាំងពី១០ឆ្នាំមុន។ ដូច្នេះសូមកុំមានការភ័ន្តច្រឡំ ហើយសូមអ្នកដែលបានបង្ហោះព័ត៌មាននេះ ឈ្មោះ EN Chhen ដកចេញជាបន្ទាន់ សូមកុំបំពុលសង្គម។
បើតាមការលើកឡើង នៅក្នុងបណ្ដាញសង្គម ថា ស្រ្ដីជាម្ដាយ បានខ្ចីបុលលុយពីធនាគារ។ លុះពេលគាត់មានលទ្ធភាពបង់បំណុល បែរជាសម្រេចចិត្តដាក់ថ្នាំបំពុលក្នុងបាយ ឱ្យកូនៗហូប បណ្តាលឱ្យកូនប្រុសទាំងពីរនាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ រីឯស្រ្ដីជាម្ដាយ ក៏បានហូបបាយដែលដាក់ថ្នាំពុលនោះដែរ តែប្ដីមកទាន់ ហើយបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ទើបក្រុមគ្រូពេទ្យ ជួយសង្គ្រោះទាន់ពេលវេលា រួចផុតពីសេចក្ដីស្លាប់។ ស្រ្តីជាម្តាយឈ្មោះ ប៉ាក សុហេង។ រីឯក្មេងរងគ្រោះ ទាំង២នាក់នោះ គឺកូនប្រុសបង ឈ្មោះ ហ៊ាល សុវណ្ណាមិ អាយុ១០ឆ្នាំ និង កូនប្រុសពៅ ឈ្មោះ ហ៊ាល ក្តាន់ អាយុ៦ឆ្នាំ។
ដោយសារតែរឿងរ៉ាវនេះ មិនមែនទើបនឹងកើត គឺបានកើតឡើងតាំងពី១០ឆ្នាំមុន ទើបស្នងការដ្ឋាននគរបាលខេត្តកំពត ចេញមុខមកបកស្រាយ ដើម្បីកុំឲ្យមានការភ័ន្ដច្រឡំ។ ការបង្ហោះបែបនេះ គឺជាការបំពុលសង្គម៕