រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ គ្រាន់តែឮសន្ដិសុខ ហាមជក់បារី នៅក្នុងហាង បែរជាផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ដកកាំភ្លើងចេញពីចង្កេះបាញ់គំរាម ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី៦ខែដល់២ឆ្នាំ និង រងការពិន័យជាប្រាក់ ចន្លោះពី៥០ម៉ឺនរៀលដល់២លានរៀល។
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា ករណីជនជាតិចិនម្នាក់ បានបំផ្ទុះអាវុធចំនួន២គ្រាប់ ព្រោះតែខឹងនឹងសន្តិសុខហាមជក់បារីនោះ ឥឡូវតំណាងអយ្យការ បានចាប់ផ្ដើមបើកដំណើរការស៊ើបសួរ ទៅលើជនត្រូវចោទ ឈ្មោះ លី ជែម៉ុង ភេទប្រុស ពីបទកាន់កាប់ប្រើប្រាស់ លក់ទិញនូវអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
បើតាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែង ថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃដំឡើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ដល់ ២ឆ្នាំ និង ត្រូវពិន័យជាប្រាក់ ចាប់ពី៥០ ម៉ឺនដល់២ លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនោះឡើយ។
សូមរម្លឹកឡើងវិញ ថា កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មានករណីបំផ្ទុះអាវុធចំនួន២គ្រាប់ចំនួន១ករណី នៅចំណុចមុខហាងចិនយីហោ «ផ្ទះបាយ ជៀ ស៊ាំង» តាមផ្លូវលេខ២៣២ កែងនឹងផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនបង្ក ឈ្មោះ លី ជែម៉ុង អាយុ៣៤ឆ្នាំ ជាជនជាតិចិន មានមុខរបរជាបុគ្គលិកហួយវ័នផេ ស្នាក់នៅបន្ទប់លេខ៥០៤ ជាន់ទី៥ នៃអគារហួយវ័នផេ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ បុរសជនជាតិចិនម្នាក់នេះ បានដកបារីចេញពីក្នុងហោប៉ាវយកមកជក់។ ប៉ុន្ដែភ្លាមៗនោះ សន្តិសុខយាម បានដើរទៅប្រាប់ មិនឲ្យជក់បារី នៅក្នុងភោជនីយដ្ឋាន ស្រាប់តែបុរសជនជាតិចិនម្នាក់នេះ បានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ហើយបានដកកាំភ្លើងខ្លី ចេញពីចង្កេះ បាញ់ឡើងលើចំនួន២គ្រាប់ ដើម្បីគំរាមទៅលើសន្តិសុខនោះ រហូតបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង បុគ្គលិកហាង រាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច។
ក្រោយពេលបំផ្ទុះអាវុធភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ និង បានដកហូតវត្ថុតាង រួមមាន៖ អាវុធខ្លីម៉ាក GLOCK19 មួយដើម, គ្រាប់កាំភ្លើងចំនួន៨គ្រាប់, សំបកគ្រាប់ចំនួន២គ្រាប់, ទូរស័ព្ទដៃម៉ាកអាយ IPHONE 7 ពណ៌ផ្កាឈូក១គ្រឿង និង ទូរស័ព្ទដៃម៉ាក IPHONE 15promax ពណ៌ខ្មៅ១គ្រឿង និង បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ រួចហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕