ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យភាគីណាមួយឡើយ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីធានាបាននូវជម្រើសបម្រុងក្នុងករណីដែលអាកាសយានដ្ឋានអន្តរជាតិថ្មីមានបញ្ហា។ លើសពីនេះ អាកាសយានដ្ឋានពោធិ៍ចិនតុងនឹងត្រូវបានរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
"ខ្ញុំសូមបញ្ជាក់ថា មិនមានការលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅណានោះទេ។ ម៉ោងនេះពេលនេះ ហើយក៏តាំងពីមុនមក គឺមិនមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះទេ ខ្ញុំសូមបញ្ជាក់ជូននៅថ្ងៃនេះ" សម្តេចធិបតីបានថ្លែង។
សម្តេចក៏បានបន្ថែមថា អាកាសយានដ្ឋានពោធិ៍ចិនតុងនឹងត្រូវបានរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ ដែលជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ។ ការរក្សាទុកទីតាំងនេះ មិនត្រឹមតែជាការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ប៉ុណ្ណោះទេ តែជាការគោរពដល់ប្រវត្តិសាស្ត្រ និងការចងចាំរបស់ជាតិផងដែរ។
ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាទុកអាកាសយានដ្ឋានពោធិ៍ចិនតុង បង្ហាញពីការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍សាធារណៈ និងការការពារបេតិកភណ្ឌជាតិ។