សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបងប្អូនជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ខណៈរឿងបុកមនុស្សស្លាប់ហើយមានជាតិស្រវឹង គឺមិនអាចបង់លុយរួចខ្លួននោះទេ ដោយយើងអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ ត្រូវតែមាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រមោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សម្តេចធិបតី មានប្រសាសន៍«សូមបងប្អូនជឿទុកចិត្ត មកលើប្រព័ន្ធច្បាប់របស់យើង ហើយយើងនឹងអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដូចជា ករណីដែលធ្លាប់កើតឡើងនៅពេលកន្លងទៅ ។ សំណងជូនជនរងគ្រោះត្រូវតែដោះស្រាយ តែមិនមែនបង់លុយហើយត្រូវរួចខ្លួននោះទេ ក្នុងករណីស្រវឹងបើកបុកគេស្លាប់ ទោះក្នុងហេតុផល ឬមូលហេតុណាក៏ដោយ»។
សម្ដេចបញ្ជាក់ថា រាល់ការបុកមនុស្សស្លាប់ដោយមានគ្រឿងស្រវឹង គឺត្រូវអនុវត្តច្បាប់។ សម្ដេច ថា ឯកឧត្តម កើត រិទ្ធ ក៏បានបញ្ជាក់ថា ករណីនេះ មិនមែនត្រឹមតែសងលុយរួចខ្លួននោះទេ ឱ្យតែអ្នកមានជាតិស្រវឹងបុកគេស្លាប់ ។ យើងបានអនុវត្តនាពេលកន្លងទៅរួចហើយដូចជា ករណីមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុ បុកមនុស្សស្លាប់ គឺមិនទាន់មានការលែងនោះទេ គឺត្រូវតែមានការទទួលខុសត្រូវ ។
សម្ដេចធិបតី បានលើកឡើងថា ជាការពិតណាស់ គ្មានអ្នកណាចង់បង្កហេតុនោះទេ ក៏ប៉ុន្តែសកម្មភាពអង្គហេតុបានកើតឡើង ។ ការធ្វេសប្រហែស បានធ្វើឱ្យបាត់បង់នូវអនាគតរបស់គ្រួសារមួយ ជីវិតមនុស្សមួយ ។ ចឹងកិច្ចការងារនេះ ត្រូវអនុវត្តគោលការណ៍នេះ តែប្រជាពលរដ្ឋ ហាក់បីដូចជា មិនទាន់មានភាពច្បាស់លាស់ ដោយសារតែតាមនីតិវិធីម្សិលមិញនេះ គេឃាត់ខ្លួន ហើយនគរបាល ត្រូវទុកមួយរយៈ ដើម្បីធ្វើការស្រាវជ្រាវមិនឱ្យលើសពី ៤៨ម៉ោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
សម្ដេចបន្ថែមថា មានប្រជាពលរដ្ឋជាច្រើន គាត់មានបារម្ភខ្លាចថា អ្នកផ្សេងអនុវត្តច្បាប់ ដល់មន្ត្រីនគរបាល គឺអត់អនុវត្តច្បាប់ ។ សម្ដេច សូមបញ្ជាក់គោលការណ៍ថា រាជរដ្ឋាភិបាល គឺច្បាស់លាស់ណាស់ ហើយព្រឹកមិញ ស្នងការនគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនបង្ក ទៅតុលាការរួចរាល់ហើយ ហើយកិច្ចការងារនេះ សូមបងប្អូនជឿទុកចិត្ត មិនខុសពីរឿងស្រវឹងបុកគេស្លាប់នៅស្ពាននោះទេ គឺត្រូវទទួលខុសត្រូវមិនអាចរួចខ្លួនបានទេ មិនថា ជាមន្ត្រីនគរបាល ឬក៏មន្ត្រីជាន់ខ្ពស់ណាទេ ។ រឿងសងថវិកាទៅដល់ជនរងគ្រោះ គឺជារឿងមួយ ក៏ប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវតែទទួលខុសត្រូវ ។ សូមបងប្អូនជឿទុកចិត្តមកលើប្រព័ន្ធច្បាប់របស់រាជរដ្ឋាភិបាល យើងបានដាក់បទបញ្ជាច្បាស់លាស់ហើយ ជាពិសេសទាក់ទងបុកស្លាប់គឺនាយករដ្ឋមន្ត្រី តាមផ្ទាល់តែម្ដង ។ យុត្តិធម៌សង្គម ត្រូវអនុវត្តច្បាប់ទាំងអ្នកស្លាប់ ទាំងអ្នកបង្ករបួសស្នាម សុទ្ធតែគ្មានចេតនាបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងទេ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ច្បាប់ គឺច្បាប់ យើងត្រូវអនុវត្តច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ។ ប្រសិនបើមិនមានការបញ្ជាក់ច្បាស់លាស់ទេ វាអាចធ្វើឱ្យរឿងនេះនៅតែវិលវល់។
សូមជម្រាបថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅជិតក្រសួងមហាផ្ទៃ សមត្ថកិច្ចបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនេះបុគ្គលរូបនេះ ក៏នឹងត្រូវអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជាផងដែរ ដោយត្រូវបណ្ដេញចេញពីក្របខណ្ឌ។ នេះបើយោងតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងអគ្គការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីនគរបាលរាជធានីភ្នំពេញ ឈ្មោះ ហ៊ុន ហេង កាលពីរសៀលថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានអ្នករបស់ធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ៕