រាជធានីភ្នំពេញ៖ ក្រោយពេលនាយនគរបាលម្នាក់ បានបើករថយន្ដលឿនដូចហោះ បុកម៉ូតូមួយគ្រឿងដាច់ជា២កំណត់ខ្ទាតចេញពីគ្នា ហើយបន្ដបើកទៅបុកកង់បីឥណ្ឌា២គ្រឿង និង រថយន្ដមួយគ្រឿង រួចបន្ដទៅបុកដើមឈើដាច់ជា២នោះមក ឥឡូវ សមត្ថកិច្ចជំនាញកំពុងតែរៀបចំបែបបទ បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ទន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង កាលពីព្រឹក ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ ថា៖«កម្លាំងនគរបាលជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បាននិងកំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះ នៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការ»។ ប៉ុន្ដែអ្នកនាំពាក្យ រូបនេះ មិនទាន់បញ្ជាក់ ថា ត្រូវបញ្ជូន នៅថ្ងៃទី១៦ ខែឧសភានេះ ឬថ្ងៃស្អែកនោះឡើយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារ និង រូបភាពជាច្រើនសន្លឹក នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាលពីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង រងរបួសធ្ងន់-ស្រាល៥នាក់នោះ អ្នកបើករថយន្តជាមន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ កំពុងTeកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅត្រង់ចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះម៉ូតូកង់បីចំនួន៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។
រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះបានបង្កឲ្យមានមនុស្សស្លាប់១នាក់, រងរបួសធ្ងន់២នាក់ និងរងរបួសស្រាល៣ស្រាល។ រីឯមូលហេតុគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និង បើកបរមានជាតិស្រវឹង មានអត្រាជាតិអាល់កុល0.35mg/L។
រថយន្ដបង្ក បើកបរដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ។ ជាមួយគ្នានេះ ពលរដ្ឋសូមសំណូមពរដល់សមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធចាត់ការឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបើកបង្កឲ្យមានមនុស្សស្លាប់៕