ខេត្តព្រះសីហនុ៖ បុរសម្នាក់បានបើករថយន្ដឡើងលើប៉ុងលាងរថយន្ដ បែរជាច្រឡំជាន់ហ្គែរ ថាជាហ្វ្រាំង ធ្វើឲ្យរថយន្ដ ស្ទុះទៅបុកអ្នករ៉ីយែរ ដែលជាកូនបង្កើតរបស់ម្ចាស់ទីតាំង ផ្ទប់នឹងជញ្ជាំងធ្លុះទៅម្ខាង បណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត កាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងលាងរថយន្ដរបស់លោកតា សាត សឿន អាយុ៧២ឆ្នាំ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់មិននឹកស្មានដល់នោះ មានបុរសម្នាក់ បានបើករថយន្ដ ម៉ាកតូយ៉ូតា ហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2D-2979 ចូលមកកន្លែងលាងរថយន្ដកើតហេតុ។ ភ្លាមៗនោះ កូនបង្កើតរបស់ម្ចាស់កន្លែងលាងរថយន្ដ បានរត់ទៅធ្វើដៃជាសញ្ញាឲ្យរីយែរឡើងប៉ុងលាងរថយន្ដ។ លុះពេលរថយន្ដបានឡើងដល់លើប៉ុងលាងរថយន្ដហើយ អ្នករីយែរ បានលើកដៃជាសញ្ញាឲ្យ តែបែរជាអ្នកបើករថយន្ដច្រឡំជាន់ហ្គែរថាជាហ្វ្រាំង ធ្វើឲ្យរថយន្ដស្ទុះទៅមុខបុកអ្នកស៊ីញ៉ូ ផ្ទប់នឹងជញ្ជាំង រហូតធ្លុះជញ្ជាំង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះ។
មន្រ្ដីនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹង ថា អ្នកបើកបររថយន្ដបង្ក ឈ្មោះ តូច សំអុល អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯជនរងគ្រោះ ឈ្មោះ សៀង ចាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលាងរថយន្ដ ហើយត្រូវជាកូនបង្កើតរបស់ម្ចាស់ទីតាំងលាងរថយន្ដ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ដកហូតរថយន្ដ ហើយបានឃាត់ខ្លួនអ្នកបើកបរ នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះដល់ក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕