រាជធានីភ្នំពេញ៖ កូនកំលោះម្នាក់ គ្រាន់តែឮក្មួយបង្កើត ប្រាប់ពីទំនាស់ពាក្យសម្ដីរបស់គេ ជាមួយនឹងក្រុមអ្នកផឹកទឹកត្នោតជូរ ក៏ហៅគូកនទៅសួរនាំ រហូតបង្កឲ្យមានអំពើហិង្សា ដេញវាយកាប់ចាក់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់ខកខានក្រេបទឹកឃ្មុំ នាថ្ងៃមង្គលការ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយអាចប្រឈមមុខជាមួយនឹងសមត្ថកិច្ចថែមទៀតផង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីថ្ងៃកើតហេតុ មានពិធីមង្គលការមួយ នៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានកូនកំលោះ ឈ្មោះ សួរ ពង់។ ស្របពេលពិធីពិសាភោជនាហារ នាពេលយប់ កំពុងតែប្រព្រឹត្តទៅនោះ ភ្ញៀវជិតឆ្ងាយនៅតែមកចូលរួមជាបន្តបន្ទាប់ ហើយកូនកំលោះបានប្រើក្មួយបង្កើតរបស់ខ្លួន ឈ្មោះ លឹម សុក្រពេញ ឲ្យទៅជួយទិញស្រាបៀរចំនួន២កេស នៅកន្លែងលក់ចាបហួយ នៅជិតរោងការ។ ភ្លាមៗនោះ ក្មួយបង្កើតរបស់កូនកំលោះ បានដើរទៅទិញស្រា ហើយបានជួបជាមួយឈ្មោះ រឿន តុងលិក និង បក្ខពួករបស់គេជាច្រើននាក់ កំពុងតែអង្គុយផឹកទឹកត្នោតជូរ នៅជិតកន្លែងលក់ស្រាបៀរនោះ ហើយក៏បានទាស់ពាក្យសម្តីគ្នាមួយប្រាវ ជាមួយក្រុមអ្នកផឹកទាំងនោះ។
ប្រភពព័ត៌មានដដែល បានបន្ដ ថា បន្ទាប់ពីកើតមានទំនាស់ពាក្យសម្ដីជាមួយនឹងក្រុមអ្នកផឹកទឹកត្នោតជួរមក ឈ្មោះ លឹម សុក្រពេញ ក៏បានរត់មកប្រាប់កូនកំលោះតាមដំណើររឿង។ រីឯកូនកំលោះ គ្រាន់តែឮក្មួយប្រាប់បែបនេះភ្លាម ក៏បានហៅគូកនជាច្រើននាក់ ទៅសួរនាំក្រុមអ្នកផឹកទឹកត្នោតជូរ ទើបបង្កឲ្យការឈ្លោះប្រកែកគ្នា រហូតឈានដល់អំពើហិង្សាដាក់គ្នាទៅវិញទៅមក។ ចំណែកក្រុមអ្នកផឹកទឹកត្នោតជូរ ប្រដាប់ដោយដុំថ្ម, មួកសុវត្ថិភាព និងកាំបិតគ្រប់ដៃ បានដេញគប់ និង ដេញកាប់ប្រហារទៅលើបក្ខពួករបស់កូនកំលោះ បណ្ដាលឲ្យរងរបួសទាំងសងខាងចំនួន៤នាក់ ដោយក្នុងនោះមានកូនកំលោះ និង ក្មួយបង្កើតរបស់គេ ហើយបក្ខពួកម្នាក់របស់ក្រុមអ្នកផឹកទឹកត្នោតជូរ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសុំអន្ដរាគមន៍ ពីសមត្ថកិច្ច។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុ ខណៈគូជម្លោះទាំងសងខាង បានរត់គេចខ្លួនបាត់អស់។ សមត្ថកិច្ចបានស្រាវជ្រាវដឹង ថា ភាគីរបស់កូនកំលោះ មានគ្នាជាច្រើននាក់ តែស្គាល់ឈ្មោះតែ៣នាក់ប៉ុណ្ណោះ រួមមាន៖ ១-កូនកំលោះ ឈ្មោះ សួរ ពង់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងរបួសបែកក្បាល, ២-ឈ្មោះ លឹម សុក្រពេញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មកររោងចក្រ មានទីលំនៅជាមួយគ្នា ត្រូវជាក្មួយប្រុសបង្កើតរបស់កូនកំលោះ និង ៣-ឈ្មោះ ម៉ សុខពៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្ន នៅភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានរងរបួសបែកក្បាល ហើយសមត្ថកិច្ចបានដកហូតដែកមូលពីពួកគេ មានប្រវែង៥០សង់ទីម៉ែត្រ ចំនួន១ដើម។ រីឯបក្ខពួករបស់ក្រុមអ្នកផឹកទឹកត្នោតជូរមានគ្នាជាច្រើននាក់ តែគេស្គាល់តែម្នាក់ ឈ្មោះ រឿន តុងលិក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ននៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានរងរបួសហើមថ្គាមផ្នែកខាងស្តាំ និង ហើមថ្ងាស។
ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានសាច់ញាតិ បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងអំពើហិង្សា នាំមកចាត់ការតាមច្បាប់៕