ជំនន់ទឹកភ្លៀង ឆក់យកក្មេងស្រីម្នាក់ នៅតាមអូរព្រំដែនកម្ពុជា-ថៃ

ម្សិលមិញ ម៉ោង 11:30:AM

ខេត្តបាត់ដំបង៖ ក្មេងស្រី២នាក់បងប្អូន មានអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ បាននាំគ្នាចុះលេងទឹកអូរ ហើយត្រូវទឹកជន់មក បណ្ដាលឲ្យលង់ប្អូនស្រីរបស់នាងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចអូរក្បាលស្ពាន ខាងមុខវត្តអូរជុំ ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុគ្រោះអកុសលនោះ មានក្មេងស្រី២នាក់បងប្អូន មានអាយុ៣ឆ្នាំ និង ៥ឆ្នាំ បាននាំគ្នាចុះលេងទឹកអូរ នៅតាមព្រំដែន ខណៈទឹកនៅត្រឹមបាតអូរ។ លុះមកដល់វេលាកើតហេតុ ទឹកអូរបានជន់ឡើងភ្លាមៗ នៅក្នុងល្បឿនលឿន ទើបក្មេងស្រីជាបង បានទាញដៃប្អូន រត់ឡើងទៅលើគោកវិញ។ ប៉ុន្តែក្មេងស្រីជាបង មិនអាចទប់នឹងកម្លាំងទឹក ធ្វើឲ្យរបូតដៃ ចាប់ប្អូនស្រីរបស់នាងលែងជាប់ ហើយបានហូរទៅតាមទឹក លិចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ច។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងសឹករងស្រុក និង អ្នកភូមិ បានចេញប្រតិបត្តិការស្វែងរកក្មេងស្រីអាយុ៣ឆ្នាំ នៅតាមដងអូរ។ ទីបំផុត សមត្ថកិច្ចបានរកឃើញសពរបស់កុមារីរងគ្រោះ ឈ្មោះ កុល ស៊ាវអ័រ អាយុ៣ឆ្នាំ នៅវេលាម៉ោង៦ និង ១០នាទីយប់ ថ្ងៃដដែលនោះ។

ជាមួយគ្នានេះដែរ អាជ្ញាធរបានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាព សម្រាប់ក្មេងៗ កុំឲ្យចុះលេងទឹក ព្រោះវាជារដូវទឹកជន់ ដោយបញ្ជៀសពីការលង់ទឹក៕

ពត័មានពេញនិយម