សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការសាទរចំពោះនាវាដឹកទំនិញខ្នាតធំ ដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ។ការសាទរនេះ ក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "ការដឹកទំនិញត្រង់មកកម្ពុជានេះ បានកាត់បន្ថយរយៈពេលដឹកញ្ជូនពី៧ទៅ១០ថ្ងៃ និងកាត់បន្ថយការចំណាយប្រមាណ២០-៣០% នៃការចំណាយប្រតិបត្តិការរបស់កំពង់ផែ"។
សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍទៅមុខស្របតាមចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រែក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ ដែលនឹងអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់ នៅក្នុងពិភពលោកអាចចូលចតបាននាពេលខាងមុខ ព្រមទាំងធានា បាននូវការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រឱ្យប្រហាក់ប្រហែលជាមួយបណ្តាប្រទេសនៅក្នុងតំបន់៕