រាជធានីភ្នំពេញ៖ ជនបរទេស២នាក់ តែងតែដើរលួចសម្ភារ នៅក្នុងរថយន្ដដែលចតចោល តែអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និង ឃាត់ខ្លួនបាន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ មានជនបរទេស២នាក់ បានលួចសម្ភារ នៅក្នុងរថយន្ត នៅចំណតរថយន្ត នៃផ្សារទំនើបអ៊ីអនមានជ័យ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចរាជធានីភ្នំពេញ និង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការគ្នាស្រាវជ្រាវ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយជាជនបរទេស ចំនួន២នាក់ រួមមាន៖ ១-ឈ្មោះ LIANG JING DIAN ភេទប្រុស ជនជាតិចិន (មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ និង ២-ឈ្មោះ LIANG SHAO MIN ភេទប្រុស ជនជាតិចិន មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ។ នៅក្នុងការឃាត់ខ្លួនជនសង័្សយទាំង២នាក់នេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និង គ្រាប់ចំនួន១៣គ្រាប់ ដែលជារបស់ជនរងគ្រោះ, ឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រព័ន្ធបញ្ជា ចំនួន១គ្រឿង ដែលជាំមធ្យោបាយធ្វើសកម្មភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕