រាជធានីភ្នំពេញ៖ យុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿន ជ្រុលចង្កូតទៅបុក ទៅបុកគូទរថយន្ដដឹកដីធុនធំមួយគ្រឿង បណ្ដាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅ បាត់បង់ជីវិតយ៉ាងអាណោចអាធ័មមួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង ២៩នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានយុវជន២នាក់ បានជិះម៉ូតូធុនធំមួយគ្រឿងឌុបគ្នាយ៉ាងលឿន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្របទិសគ្នាជាមួយនឹងរថយន្ដដឹកដីធុនធំមួយគ្រឿង ម៉ាក Shacman ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5120។ លុះពេលយុវជនទាំង២នាក់ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្ដដឹកដីមួយគ្រឿងនេះយ៉ាងពេញទំហឹង បណ្ដាលឲ្យផ្ទប់នឹងរថយន្ដ ដួលបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និង វាស់វែង រួចហើយដកហូតយានយន្ដជាប់ពាក់ព័ន្ធយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវ និងទាក់ទងទៅក្រុមគ្រួសារ និង សាច់ញាតិមកទទួលយកសពរបស់ជនរងគ្រោះ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕