ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង និងស្រុកបរិបូរណ៍ បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលបណ្ដែតលើទឹកទន្លេចំនួន៧៩កន្លែង កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានឲ្យដឹង ថា ជាមួយនឹងការអនុវត្តតាមផែនការបន្លាស់ទីផ្ទះបណ្ដែតទឹក ឡើងលើគោក និង បទបញ្ជារបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នោះ កម្លាំងចម្រុះ ដឹកនាំដោយលោក ជា សុខរិទ្ធ អភិបាលរងខេត្ត បានចុះប្រតិបត្ដិការរុះរើបែរចិញ្ចឹមត្រីមានដំបូលបណ្ដែតទឹកចំនួន ៧៩កន្លែង។ បែរចិញ្ចឹមត្រីទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹកទន្លេ នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានបន្ដ ថា ក្រោយពេលមានផែនការ និងបទបញ្ជា កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅនេះរួចមក ក្រុមការងារចម្រុះខេត្ត និងស្រុក ក៏បានចុះផ្សព្វផ្សាយអំពីផែនការនេះ ដល់ម្ចាស់បែរទាំងអស់រួចហើយ ដោយតម្រូវឲ្យរុះរើបែរ និងដំបូលចេញដោយខ្លួនឯង ដោយបានកំណត់ឱសានវាទ ត្រឹមថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥។ ប៉ុន្ដែម្ចាស់បែរត្រីទាំងនោះ មិនព្រមរុះរើ ទើបក្រុមការងារចម្រុះចុះពិនិត្យ និងត្រូវរុះរើឲ្យអស់នៅថ្ងៃទី២១ ខែឧសភា។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានបន្ថែម ថា ម្ចាស់បែរចិញ្ចឹមត្រីទាំងអស់បានបន្លាស់ទីផ្ទះបណ្ដែត នៅលើទឹក ឡើងទៅរស់នៅលើគោក នៅក្នុងភូមិសាស្រ្ដឃុំឆ្នុកទ្រួ។ ជាការកត់សម្គាល់ មានពលរដ្ឋមួយចំនួនតូច ធ្វើដំបូលបែរចិញ្ចឹមត្រីបណ្ដែតនៅលើទឹក នៅតាមប្រឡាយមុខសាលាឃុំឆ្នុកទ្រូ ទើបប្រជាពលរដ្ឋផ្សេងៗទៀត នាំគ្នាធ្វើដំបូលបែរត្រឺតាម ទើបមានបែរចិញ្ចឹមត្រីមានដំបូល ដូចផ្ទះទឹកបណ្ដែត នៅលើទឹកកើនឡើងបែបនេះ។ ប៉ុន្តែអាជ្ញាធរឃុំ និង ស្រុក មិនអនុញ្ញាតឱ្យមានបែរចិញ្ចឹមត្រី ឬផ្ទះបណ្ដែតនៅលើទឹកទន្លេ ដោយខុសច្បាប់បន្ដទៀតឡើយ៕