រាជធានីភ្នំពេញ៖ បុរសម្នាក់ បានធ្លាក់ពីលើអគារសណ្ឋាគារ បណ្ដាលឲ្យបាត់បង់អាយុជីវិត កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារឃ្វីនវូដ តាមផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា កាលពីវេលាកើតហេតុ ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល អំពីករណីបុរសម្នាក់បានធ្លាក់ពីលើអគារសណ្ឋាគារឃ្វីនវូដ ទើបរាយការណ៍ អំពីករណីនេះ ទៅកាន់សមត្ថកិច្ច។ ប៉ុន្ដែភ្លាមៗនោះ គេនៅមិនទាន់ដឹងអំពីមូលហេតុ នៃការធ្លាក់ពីលើអគាររបស់បុរសម្នាក់នេះនៅឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងតែស៊ើបអង្កេត ហើយសង្ឃឹម ថា សមត្ថកិច្ច នឹងធ្វើការតាមជំនាញរបស់ខ្លួនស្រាវជ្រាវដឹងការពិត។
ករណីរបស់បុរសម្នាក់ធ្លាក់ពីលើអគារនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីនារីម្នាក់ ឈ្មោះ សាត សុជាត កើតនៅឆ្នាំ២០០៣ និង មានស្រុកកំណើត នៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្លាក់ពីលើអគារស្លាប់ កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវលំមួយខ្សែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រីឯករណីរបស់នារីម្នាក់នេះ ត្រូវបានគេរាយការណ៍ ចាញ់ល្បែង និង ខូចចិត្តពីរឿងសង្សារបោះបង់ចោល៕