សមត្ថកិច្ច បំបែកសំណុំរឿងក្មេងទំនើង ចាប់រំលោភសម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំ

ម្សិលមិញ ម៉ោង 10:35:AM

រាជធានីភ្នំពេញ៖ ក្រោយការភ្ញាក់ផ្អើល អំពីករណីក្មេងស្រីម្នាក់ ត្រូវបានឃាតករមិនស្គាល់អត្ដសញ្ញាណ ចាប់រំលោភ ហើយសម្លាប់ នៅក្នុងបន្ទប់ទឹករួចមក សមត្ថកិច្ចបានស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ចំនួន៣នាក់ កាលពីវេលាម៉ោង១២ និង ៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីករណីក្មេងស្រីម្នាក់បានស្លាប់ទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ទឹក នៃសាលាបឋមសិក្សាវត្តក្រួស នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នោះមក សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះទៅពិនិត្យ និង ស្រាវជ្រាវ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ ចំនួន៣នាក់ កាលពីវេលាម៉ោង១២ និង ៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ប្រភពដដែល បានបន្ដថា បើតាមការសាកសួរ ជនសង័្សយ បានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈ រួចហើយបានឲ្យយុវតីរងគ្រោះផឹក។ បន្ទាប់មក ជនសង័្សយបានរំលោភរហូតបានសម្រេច រួចហើយបានសម្លាប់ជនរងគ្រោះ ប្លន់យកទ្រព្យសម្បត្តិ នៅវេលាម៉ោង១ និង ២៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ទឹក នៃសាលាបឋមសិក្សាវត្តក្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តក្រួស តាមផ្លូវជាតិលេខ៥ ភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បានឱ្យដឹង ថា ជនសង័្សយដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នករួមគំនិតសម្លាប់, ២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ជាអ្នករួមគំនិតសម្លាប់ និង ៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ ហើយជាជនដៃដល់ ចាប់យុវតីរងគ្រោះរំលោភ និងសម្លាប់។ រីឯយុវតីរងគ្រោះ ឈ្មោះ វុទ្ធី លីណា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រៅពីការឃាត់ខ្លួនជនសង័្សយទាំង៣នាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន មានដូចជា៖ ១-ទូរស័ព្ទដៃ ម៉ាក TECNO SPARK ពណ៌ស ចំនួន១គ្រឿងជារបស់ជនរងគ្រោះ, ២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន១គ្រឿង, ៣-ខ្សែលីឡុង ពណ៌ស ចំនួន១ខ្សែ, ៤-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខៀវ ស៊េរី២០២៥មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CL-1190។ រីឯសម្ភារបាត់បង់ មានលោហធាតុពណ៌ទង់ដែង (ខ្សែកផ្លាទីន) ចំនួន១ខ្សែ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕

ពត័មានពេញនិយម