រាជធានីភ្នំពេញ៖ អ្នកស្រីប្រធានផ្សារទួលពង្រ តែងតែបញ្ជាដល់កូនចៅទៅដើរប្រមូលលុយពីអាជីវករលក់ដូរ នៅតាមដងផ្លូវសាធារណៈ ដោយមិនមានការអនុញ្ញាតពីរដ្ឋ ហើយត្រូវបានគេថតយកទៅបង្ហោះយ៉ាងព្រោងព្រាត នៅតាមបណ្ដាញសង្គម ទើបអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានចុះទៅឃាត់ខ្លួនជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីនេះ ចំនួន៤នាក់ ហើយបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ កាលពីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖«ករណីសន្តិសុខផ្សារទួលពង្រ ដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ នៅតាមដងផ្លូវនេះ ត្រូវបានគេចុះផ្សាយយ៉ាងព្រោងព្រា នៅតាមបណ្ដាញសង្គម។ រីឯសកម្មភាពរបស់ក្រុមសន្តិសុខដើរប្រមូលលុយបែបនេះ បានធ្វើឡើង តាមបញ្ជារបស់ប្តី-ប្រពន្ធ ជាប្រធានផ្សារទួលពង្រ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ ថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនជនសង័្សយ ចំនួន៤នាក់ រួមមាន៖ ១-ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរជាប្រធានផ្សារទួលពង្រ, ២-ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាជាងថតវីដេអូ, ៣-ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាសន្តិសុខផ្សារទួលពង្រ និង ៤-ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរCaសន្តិសុខផ្សារទួលពង្រ។
បើតាមអ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងទៀត ថា ជនសង្ស័យទាំង៤នាក់នេះ ជាប់សង្ស័យពីបទអំពើពុករលួយក្នុងបទល្មើស «ប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ តាមមាត្រា ៨៩ និងមាត្រា ៩៧ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការសមគំនិត តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ»។
ការឃាត់ខ្លួនជនសង័្សយទាំង៤នាក់នេះ បានធ្វើឡើង ក្រោយពេលមន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បញ្ចប់ការសាកសួរ កាលពីវេលាម៉ោង ១៦ និង ១០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់មក អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង័្សយទាំង៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕
នេះជាលុបបំបាត់អំពើពុករលួយ ដែលជាទម្លាប់ដ៏អាក្រក់នៅសេសសល់ក្នុងសង្គម ។
សូមបញ្ជាក់ថា ៖ មួយរយៈចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការងារច្រើន ប្រកបដោយ តម្លាភាព យុត្តិធម៌ ដើម្បីឱ្យសង្គមទទួលបានភាពស្អាតស្អំ ៕