យុវជនម្នាក់ បើកម៉ូតូបុកគូទរថយន្ដដឹកខ្សាច់ ដួលបោកក្បាលបែកឈាមហូរជោកថ្នល់

9 ម៉ោងមុន

 

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុកគូទរថយន្ដដឹកខ្សាច់មួយគ្រឿង ដួលបោកទៅលើថ្នល់ បែកក្បាល បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានយុវជនម្នាក់ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-2609 យ៉ាងលឿន ស្របទិសគ្នាជាមួយនឹងរថយន្ដដឹកខ្សាច់មួយគ្រឿង មិនចាំម៉ាក និង ស្លាកលេខ។ លុះពេលជនរងគ្រោះ បានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ដដឹកខ្សាច់នោះយ៉ាងពេញទំហឹង ដួលបោកទៅលើថ្នល់ បែកក្បាលហូរឈាមជោកផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើករថយន្ដដឹកខ្សាច់ បានបន្ថែមល្បឿន បើករថយន្ដគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ឬសាច់ញាតិមកទទួលយកសពរបស់ជនរងគ្រោះ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ដ នាំមកសាកសួរ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម