រថយន្ដស៊េរីទំនើបមួយគ្រឿង បើកបុករះរថយន្ដ-ដើមឈើ-ផ្ទាំងប៉ាណូ

10 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ដស៊េរីទំនើបយ៉ាងលឿន ជ្រុលចង្កូតទៅបុករះរថយន្ដ ដើមឈើ ផ្ទាំងប៉ាណូ និង ហាងលក់ម៉ូតូអគ្គិសនី បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះស្ពានទី២ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសវ័យចំណាស់ម្នាក់ បានបើករថយន្ដ ស៊េរីទំនើប ម៉ាក FORD RAPTOR ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MIANCHUA យ៉ាងលឿនតាមបណ្ដដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដនេះ បានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំ ឡើងខឿនផ្លូវថ្មើរជើង ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក PAJERO និង បន្តទៅបុកដើមឈើ១ដើម បង្គោលភ្លើងថ្ម១ដើម ហើយរថយន្ដនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកផ្ទាំងប៉ាណូហាង១ដើម និងបុកកញ្ចក់ហាងលក់ម៉ូតូអគ្គិសនីបែកអស់២ផ្ទាំង។ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ ហើយបាននាំអ្នកបើកបរ និងរថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ សងថ្លៃខូចខាតដល់ជនរងគ្រោះ៕

ពត័មានពេញនិយម