ខេត្តបន្ទាយមានជ័យ៖ ក្រោយការប្រទះសពរបស់បុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ ត្រូវបានគេដឹកយកទៅកប់ចោលនោះមក សមត្ថកិច្ចជំនាញពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយបរទេសចំនួន៣នាក់ និង បានដកហូតរថយន្ដស៊េរីទំនើប ចំនួន២គ្រឿង ហើយរៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ប្រភពពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា កាលព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អ្នកភូមិបានទៅឃ្វាលគោ ហើយបានប្រទះឃើញរថយន្ដស៊េរីទំនើបចំនួន២គ្រឿង ឈប់នៅក្បែរដំបូកព្រៃព្រិចមួយកន្លែង ស្ថិតភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និង មានឃើញស្នាមជីកថ្មីៗ ទំនងជាដូចកប់អ្វីម្យ៉ាង ខណៈជនសង័្សយបានបើករថយន្ដគេចខ្លួនបាត់អស់។ ដោយសារតែមានការសង័្សយ ទើបអ្នកភូមិបានប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ហើយក៏រាយការណ៍បន្ដទៅសមត្ថកិច្ច។ បន្ទាប់មក កម្លាំងសមត្ថកិច្ច ជាង២០នាក់ រួមមាន៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាការពារព្រំដែន នគរបាលការពារព្រំដែន និង មន្ត្រីជំនាញពាក់ព័ន្ធ បានចុះមកពិនិត្យជីកកកាយកន្លែងទើបនឹងកប់នោះ ក៏ប្រទះឃើញសពរបស់បុរស មានសម្បុរស អាចជាជនជាតិបរទេស។ ប៉ុន្ដែក្រោយការពិនិត្យ និង ធ្វើកោសល្យវិច័យលើសាកសពរបស់ជនរងគ្រោះរួចហើយ សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការងារតាមជំនាញរបស់ខ្លួន រហូតឈានដល់ការកំណត់អត្ដសញ្ញាណរបស់ជនសង័្សយ។
ប្រភពដដែល បានបន្ដ ថា បន្ទាប់មក សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចែក បានចុះទៅឃាត់ខ្លួនជនសង័្សយ ជាជនបរទេសចំនួន៣នាក់ និង ដកហូតរថយន្តស៊េរីទំនើបម៉ាក Lexus. LM ពាក់ស្លាកលេខកម្ពុជា S.T- 1001កាលពីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោយមក សមត្ថកិច្ចបានបន្ដដកហូតរថយន្ដមួយស៊េរីទំនើបគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2CA- 6968 នៅការដ្ឋានចិន ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនសង័្សយទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១.ឈ្មោះ អា ហួរ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា, ២.ឈ្មោះ អាយ កូម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា និង ៣.ឈ្មោះ ស៊ូ ហ៊ានដុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅការដ្ឋានក្រុមហ៊ុនចិន នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយជាជនបរទេសទាំង៣នាក់ និង រថយន្ដ២គ្រឿង ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់៕